សូមអ្នកស្វែងយល់អំពីសិទ្ធិនៃនិយោជិតនិងព័ត៌មានជំនួយគាំទ្រនានាដើម្បីប្រើប្រាស់ជាប្រយោជន៍
ខិតប័ណ្ណនេះនឹងពន្យល់ក្នុងលក្ខណៈងាយស្រួលយល់ទាក់ទងនឹងសិទ្ធិរបស់និយោជិតដែលត្រូវបានការពារដោយច្បាប់។ ប្រសិនបើនៅកន្លែងការងារ អ្នកមានអារម្មណ៍ថាមិនទទួលបានការការពារសិទ្ធិទេ សូមអ្នកទាក់ទងទៅកាន់បញ្ជរពិគ្រោះដែលបង្ហាញនៅខាងក្រោយខិតប័ណ្ណនេះ។ →
1 កិច្ចសន្យាការងារ
koyō keiyakusho
-
សូមអ្នកពិនិត្យខ្លឹមសារ មុននឹងចុះហត្ថលេខានៅលើកិច្ចសន្យាការងារ
-
សូមអ្នករក្សាទុកកិច្ចសន្យាការងារដោយខ្លួនឯង
កិច្ចសន្យាការងារគឺជាឯកសារព្រមព្រៀងដែលបញ្ជាក់យ៉ាងច្បាស់អំពីសិទ្ធិនិងទំនួលខុសត្រូវរបស់អ្នកក្នុងនាមជានិយោជិត។ នៅពេលចាប់ផ្ដើមការងារថ្មី និយោជកចាំបាច់ត្រូវផ្ដល់ឯកសារដែលបញ្ជាក់លម្អិតអំពីលក្ខខណ្ឌការងាររបស់អ្នក។ *ករណីគ្មានការបកប្រែខ្លឹមសារនៅក្នុងកិច្ចសន្យាការងារឬបទប្បញ្ញត្តិការងារទេ សូមអ្នកពិនិត្យខ្លឹមសារទាំងនោះជាមួយអ្នកដែលអាចអានភាសាជប៉ុនបាន។
ក្រុមហ៊ុនត្រូវបានតម្រូវឱ្យប្រើប្រាស់ភាសាកំណើតរបស់អ្នកបើអាចធ្វើបាន នៅក្នុងការផ្ដល់កិច្ចសន្យាការងារដល់អ្នក*
នៅក្នុងកិច្ចសន្យាការងារគឺមានបញ្ជាក់អំពីខ្លឹមសារលម្អិតទាក់ទងនឹងលក្ខខណ្ឌការងារ (ឧទាហរណ៍ ប្រាក់ឈ្នួល រយៈពេលធ្វើការ លក្ខខណ្ឌការងារ)។ ម្យ៉ាងទៀត សូមអ្នកពិនិត្យមើលបទប្បញ្ញត្តិការងារផងដែរ។
2 ប្រាក់ខែ និង ប្រាក់ឈ្នួល
kyūryō / kyūryō
-
តើអ្នកទទួលបានប្រាក់ឈ្នួលចាប់ពីកម្រិតប្រាក់ឈ្នួលអប្បបរមាឡើងទៅដែរឬទេ? *
-
តើអ្នកទទួលបានប្រាក់ឈ្នួលដោយផ្ទាល់ម្ដងជារៀងរាល់ខែដែរឬទេ?
ប្រាក់ឈ្នួលចាំបាច់ត្រូវបង់ជូនអ្នកដោយផ្ទាល់ (តាមរយៈការប្រគល់ប្រាក់សុទ្ធ ឬ ការបង់តាមគណនីធនាគារ)។
ប្រាក់ឈ្នួលចាំបាច់ត្រូវបង់ជូនអ្នកយ៉ាងហោចណាស់1ដងក្នុង1ខែនៅថ្ងៃដែលបានកំណត់នៅក្នុងកិច្ចសន្យាការងារ។
កម្រិតប្រាក់ឈ្នួលអប្បបរមា សំដៅទៅលើចំនួនទឹកប្រាក់អប្បបរមាដែលក្រុមហ៊ុនត្រូវបង់ជូននិយោជិត ដោយគណនាជាប្រាក់ម៉ោង។ ចំនួនទឹកប្រាក់នោះអាចខុសគ្នាទៅតាមតំបន់ឬប្រភេទឧស្សាហកម្ម។ បើមានភាពខុសគ្នារវាងកម្រិតប្រាក់ឈ្នួលអប្បបរមាតាមតំបន់និងកម្រិតប្រាក់ឈ្នួលអប្បបរមាតាមប្រភេទអាជីវកម្ម គឺត្រូវកំណត់យកចំនួនទឹកប្រាក់ដែលមានកម្រិតខ្ពស់ជាង។
* គិតត្រឹមខែតុលា ឆ្នាំ2023 កម្រិតប្រាក់ឈ្នួលអប្បបរមានៅខេត្តអុកាយ៉ាម៉ាគឺ 932 យេន។
* គិតត្រឹមខែតុលា ឆ្នាំ2023 កម្រិតប្រាក់ឈ្នួលអប្បបរមានៅខេត្តហ៊ីរ៉ុស៊ីម៉ាគឺ 970 យេន។
3 ឯកសារលម្អិតខ្លឹមសារប្រាក់ឈ្នួល
kyūyo meisai-sho
-
សូមអ្នកទទួលយកឯកសារលម្អិតខ្លឹមសារប្រាក់ឈ្នួល* ហើយពិនិត្យថាតើមានកំហុសណាមួយដែរឬទេ
-
សូមអ្នករក្សាទុកឯកសារលម្អិតខ្លឹមសារប្រាក់ឈ្នួលនោះ។
ប្រសិនបើមានការកាត់កងប្រាក់ពីប្រាក់ឈ្នួលរបស់អ្នកលើសពីភាពចាំបាច់ សូមកុំរារែកនៅក្នុងការពិគ្រោះជាមួយនរណារម្នាក់។
នៅក្នុងឯកសារលម្អិតខ្លឹមសារប្រាក់ឈ្នួល គឺមានបង្ហាញអំពីចំនួនទឹកប្រាក់ដែលត្រូវបង់និងចំនួនទឹកប្រាក់ដែលត្រូវកាត់កង(ដកចេញ)ដោយនិយោជក។ យោងទៅតាមច្បាប់ ក្រុមហ៊ុនអាចកាត់កងត្រឹមតែចំនួនទឹកប្រាក់ដែលបានបញ្ជាក់ច្បាស់លាស់នៅក្នុងកិច្ចសន្យាការងារ(ហើយមានការយល់ព្រមពីអ្នក)ប៉ុណ្ណោះ រួមមានដូចជា ប្រាក់ពន្ធ ប្រាក់ធានារ៉ាប់រង ជាដើម។
*ក្រុមហ៊ុនមានកាតព្វកិច្ចផ្ដល់ឯកសារលម្អិតខ្លឹមសារប្រាក់ឈ្នួល (ទម្រង់ជាក្រដាសឬជាទិន្នន័យ) ស្របពេលនឹងការបង់ប្រាក់ឈ្នួល។
4 ការធ្វើការងារថែមម៉ោង
zangyō
-
ករណីអ្នកបានធ្វើការងារថែមម៉ោង តើអ្នកបានទទួលប្រាក់ឈ្នួលសម្រាប់ការងារថែមម៉ោងនោះដែរឬទេ?
-
សូមអ្នកកត់ត្រាអំពីរយៈពេលដែលអ្នកបានធ្វើការងារ
ករណីអ្នកបានធ្វើការថែមម៉ោងឬបានធ្វើការនៅវេលាយប់ឬថ្ងៃឈប់សម្រាក អ្នកមានសិទ្ធិទទួលបានប្រាក់ឈ្នួលរួមជាមួយប្រាក់ឧបត្ថម្ភ។
ទៅតាមស្ថានភាព អ្នកអាចទទួលបានប្រាក់ឈ្នួលរួមជាមួយប្រាក់ឧបត្ថម្ភ ស្មើនឹង 1.25 ទៅ 1.75 ដងនៃប្រាក់ម៉ោងធម្មតា។
ករណីអ្នកបានធ្វើការលើសពីរយៈពេលធ្វើការធម្មតាដែលកំណត់ដោយច្បាប់(1ថ្ងៃ8ម៉ោង 1សប្ដាហ៍40ម៉ោង) នោះនឹងត្រូវបានចាត់ទុកថាអ្នកបានធ្វើការថែមម៉ោង។ ករណីក្រុមហ៊ុនបានទាមទារឱ្យអ្នកធ្វើការលើសពីការកំណត់នេះ ឬ បានទាមទារឱ្យអ្នកធ្វើការនៅវេលាយប់ឬថ្ងៃឈប់សម្រាក នោះគឺត្រូវបានចាត់ទុកថាជាការធ្វើការថែមម៉ោង។
5 ការឈប់សម្រាក់ដោយមានប្រាក់ឈ្នួល
yūkyū kyūka
-
ករណីអ្នកបានបន្តធ្វើការងារបច្ចុប្បន្នរយៈពេល6ខែ ហើយមានវត្តមានចាប់ពី80ភាគរយឡើងទៅ នោះអ្នកអាចទទួលបានការឈប់សម្រាកដោយមានប្រាក់ឈ្នួល
នៅពេលសុំឈប់សម្រាកពីការងារ អ្នកមិនចាំបាច់ប្រាប់អំពីហេតុផលទៅក្រុមហ៊ុនទេ។
ក្រុុមហ៊ុនមិនត្រូវប្រព្រឹត្តទង្វើអយុត្តិធម៌ចំពោះនិយោជិត ដោយសារហេតុផលថានិយោជិតនោះបានស្នើសុំឈប់សម្រាកនោះទេ ប៉ុន្តែ ក្រុមហ៊ុនអាចសុំឱ្យផ្លាស់ប្ដូរថ្ងៃឈប់សម្រាកបាន។
សម្រាប់ការឈប់សម្រាកនៅថ្ងៃបុណ្យជាតិឬថ្ងៃឈប់សម្រាកជាដើម គឺគ្មានឥទ្ធិពលទៅលើប្រាក់ឈ្នួលដូចជាការបង្កើនប្រាក់ឈ្នួលជាដើមនោះឡើយ។ បុគ្គលិកក៏មានសិទ្ធិទទួលបានការឈប់សម្រាកពាក់ព័ន្ធនឹងគ្រួសារ ដូចជា ការឈប់សម្រាកមើលថែទាំកូន ការឈប់សម្រាកសម្រាលកូន ការឈប់សម្រាកដោយសារមរណភាពសាច់ញាតិជាដើម។ សូមអ្នកពិនិត្យខ្លឹមសារនៃបទប្បញ្ញត្តិការងារ។
6 ថ្ងៃឈប់សម្រាក
kyūjitsu
-
សូមអ្នកពិនិត្យមើលប្រតិទិនរបស់ក្រុមហ៊ុនអំពីថ្ងៃឈប់សម្រាកនិងថ្ងៃបុណ្យជាតិ។
ថ្ងៃឈប់សម្រាក មានន័យថា "ថ្ងៃសម្រាកពីការងារ" គឺសំដៅទៅលើថ្ងៃដែលអ្នកគ្មានកាតព្វកិច្ចធ្វើការងារទេ។ នៅពេលចាប់ផ្ដើមចូលធ្វើការ សូមអ្នកពិនិត្យមើលបទប្បញ្ញត្តិការងារនិងប្រតិទិនអំពី"ថ្ងៃឈប់សម្រាក"របស់ក្រុមហ៊ុន។
ក្រុមហ៊ុនត្រូវផ្ដល់ថ្ងៃឈប់សម្រាកយ៉ាងហោចណាស់1ថ្ងៃរៀងរាល់សប្ដាហ៍ ឬ យ៉ាងហោចណាស់4ថ្ងៃក្នុងរយៈពេល4សប្ដាហ៍។
7 ម៉ោងសម្រាក
kyūkei
-
តើអ្នកទទួលបានម៉ោងសម្រាក នៅអំឡុងពេលធ្វើការងារដែរឬទេ?
ម៉ោងសម្រាក គឺសំដៅទៅលើរយៈពេលដែលអ្នកអាចចាកចេញពីកន្លែងធ្វើការនិងឃ្លាតពីសកម្មភាពការងារឬទំនួលខុសត្រូវបាន។ ម៉ោងសម្រាកមិនអាចប្ដូរទៅជាប្រាក់ឈ្នួលទេ។
និយោជក ត្រូវផ្ដល់ម៉ោងសម្រាក45នាទីករណីម៉ោងធ្វើការក្នុងមួយថ្ងៃមានចំនួន6ម៉ោងឡើងទៅ ហើយត្រូវផ្ដល់ម៉ោងសម្រាក1ម៉ោង ករណីម៉ោងធ្វើការក្នុងមួយថ្ងៃមានចំនួន8ម៉ោងឡើងទៅ។
8 ការបៀតបៀន
harasumento
-
សូមអ្នករក្សាទុកនូវភ័ស្តុតាងនៃអំពើបៀតបៀន* (វត្ថុដែលអាចបញ្ជាក់ថាតើនរណាជាអ្នកប្រព្រឹត្ត ហើយបានប្រព្រឹត្តអ្វី)
សូមអ្នករក្សាទុកនូូវវីដេអូឬសម្លេងថត ក៏ដូចជាសារខ្លី(SMS)ឬLINEជាដើមដែលបង្ហាញអំពីការបៀតបៀន។
ច្បាប់ហាមឃាត់មិនអនុញ្ញាតឱ្យក្រុមហ៊ុនប្រព្រឹត្តទង្វើអយុត្តិធម៌ចំពោះអ្នក ដោយសារហេតុផលថាអ្នកបានរាយការណ៍អំពីការបៀតបៀននោះទេ។
*ការបៀតបៀន សំដៅមិនត្រឹមតែទៅលើការវាយប្រហារផ្លូវកាយ (ឧទាហរណ៍ ការទាត់ ការវាយ ការទះ ការប៉ះពាល់លក្ខណៈមិនសមរម្យ)និងការវាយប្រហារតាមពាក្យសម្ដីឬផ្លូវចិត្ត(ឧទាហរណ៍ ពាក្យសម្ដីហិង្សា ការគំរាមកំហែង ពាក្យសម្ដីរើសអើង)ប៉ុណ្ណោះទេ ប៉ុន្តែក៏សំដៅទៅលើការគំរាមកំហែងនិងការបង្ខិតបង្ខំផងដែរ។ ប្រសិនបើអ្នកបានទទួលការបៀតបៀន សូមធ្វើការពិគ្រោះបញ្ហានោះឱ្យបានឆាប់រហ័ស។
សម្រាប់ព័ត៌មានលម្អិត សូមមើលនៅក្នុងឯកសារច្រើនភាសានៃក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព នៃប្រទេសជប៉ុន "អំពីច្បាប់ស្ដីពីសមភាព និង ច្បាប់ស្ដីពីការបៀតបៀននៅកន្លែងការងារ ការឈប់សម្រាកមើលថែទាំកូន និង ការឈប់សម្រាកមើលថែទាំគ្រួសារ"
9 ការបញ្ឈប់ការងារ
kaiko
-
តើអ្នកត្រូវបានបញ្ឈប់ការងារដោយភ្លាមៗដែរឬទេ? សូមអ្នកទាមទារលិខិតបញ្ជាក់ហេតុផលនៃការបញ្ឈប់ការងារពីក្រុមហ៊ុន
ករណីបញ្ឈប់ការងារ ក្រុមហ៊ុនត្រូវជូនដំណឹងដល់បុគ្គលិកជាមុនយ៉ាងហោចណាស់30ថ្ងៃមុន ឬ ត្រូវបង់ប្រាក់ឈ្នួលសម្រាប់រយៈពេល30ថ្ងៃដល់បុគ្គលិក។ ទោះជាក្រុមហ៊ុនសុំឱ្យអ្នកឈប់ពីការងារ(ណែនាំឱ្យឈប់ពីការងារ)ក៏ដោយ ប្រសិនបើអ្នកនៅចង់បន្តធ្វើការ អ្នកមានសិទ្ធិបន្តធ្វើការងារនោះ។
ការបញ្ឈប់ការងារ គឺជាការបញ្ចប់កិច្ចសន្យាការងារពីភាគីក្រុមហ៊ុនតែម្ខាង។ ការបញ្ឈប់ការងារដោយសារហេតុផលដូចជាគ្រោះថ្នាក់ការងារ ការមានផ្ទៃពោះ ការសម្រាលកូនជាដើមគឺត្រូវបានហាមឃាត់ដោយច្បាប់។ អ្នកអាចតវ៉ាចំពោះការបញ្ឈប់ការងារដោយមិនសមហេតុផល។
10 ការឈប់ពីការងារ
taishoku
-
និយោជិតមានសេរីភាពក្នុងការឈប់ពីការងារ។ ក្រុមហ៊ុនមិនអាចរារាំងការឈប់ពីការងាររបស់អ្នកបានឡើយ *
វិន័យនៃការឈប់ពីការងារអាចខុសគ្នា ដូច្នេះ សូមអ្នកពិនិត្យមើលនីតិវិធីនៃការឈប់ពីការងាររបស់ក្រុមហ៊ុនអ្នកនៅក្នុងបទប្បញ្ញត្តិការងារឬកិច្ចសន្យាការងារ។ ករណីលក្ខខណ្ឌការងារមានលក្ខណៈខុសពីនៅក្នុងកិច្ចសន្យាការងារ : ករណីអ្នកចង់បន្តធ្វើការងារនោះ សូមអ្នកពិគ្រោះជាមួយស្ថាប័នផ្ដល់ជំនួយគាំទ្រ។ ម្យ៉ាងទៀត អ្នកក៏មានសិទ្ធិឈប់ពីការងារនោះផងដែរ។
ក្នុងអំឡុងពេល1ខែក្រោយពេលឈប់ពីការងារ សូមអ្នកទទួលឯកសារមួយចំនួនពីក្រុមហ៊ុន ដូចជា 1.ប័ណ្ណធានារ៉ាប់រងការងារ 2.សៀវភៅសោធននិវត្តន៍ 3.ប័ណ្ណពន្ធកាត់ទុក ហើយសម្រាប់អ្នកដែលមិនទាន់កំណត់កន្លែងធ្វើការងារបន្ទាប់ពីនោះ សូមទទួលឯឯកសារ 4.លិខិតបញ្ជាក់ការចាកចេញពីការងារ។ *ករណីអ្នកចង់ឈប់ពីការងារ ប៉ុន្តែ ក្រុមហ៊ុនមិនអនុញ្ញាតឱ្យអ្នកឈប់ សូមអ្នកស្វែងរកការពិគ្រោះ។
សម្រាប់ព័ត៌មានលម្អិត សូមមើលនៅក្នុងឯកសារច្រើនភាសានៃក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព អំពី "កូនសៀវភៅសម្រាប់អ្នកចាកចេញពីការងារនិងអ្នកមានលក្ខណៈសម្បត្តិទទួលការធានារ៉ាប់រងការងារ"
11 សហជីពការងារ
rōdō kumiai
-
និយោជិតមានសិទ្ធិពិគ្រោះនិងស្នើសុំជំនួយពីសហជីព/សហជីពការងារ*
ច្បាប់ហាមឃាត់មិនឱ្យក្រុមហ៊ុនប្រព្រឹត្តទង្វើអយុត្តិធម៌ ដូចជា ការគំរាមកំហែង ការបញ្ឈប់ពីការងារជាដើមចំពោះអ្នក ដោយសារហេតុផលថាអ្នកបានចូលជាសមាជិកនៃសហជីពការងារនោះទេ។
*សហជីព/សហជីពការងារ (Rodo Kumiai) គឺខុសពីសហករណ៍ (Kyodo Kumiai)។ សហជីពការងារគឺជាអង្គភាពឯករាជ្យសម្រាប់និយោជិត។ បើអ្នកមានបញ្ហាជាមួយនឹងក្រុមហ៊ុន អ្នកអាចពិគ្រោះជាមួយសហជីពការងារបាន។ តើដូចម្ដេចដែលហៅថាសហជីពការងារ/សហជីព?